យោងតាមសារព័ត៌មាន Phnom Penh Post កងទ័ពកំណែនជំនាន់ដំបូងបានចាប់ផ្តើមហ្វឹកហ្វឺនយោធានៅថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា។
ក្រុមដែលចូលហ្វឹកហ្វឺនថ្ងៃទី៩ ខែវិច្ឆិកានេះ ជាអ្នកចូលបម្រើយោធាក្រុមដំបូង ដែលទទួលការហ្វឹកហ្វឺន ចាប់តាំងពីច្បាប់ចុះកំណែនយោធាត្រូវបានដាក់ចេញនៅឆ្នាំ២០០៦។
តាមក្រសួងការពារជាតិ ការចាប់ផ្តើមនេះស្របនឹងខួបលើកទី៧៣ នៃទិវាឯករាជ្យ។ ក្រសួងថា នេះជាជំហានសំខាន់ក្នុងកិច្ចខិតខំពង្រឹងការពារជាតិ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ (RCAF)។
យុវជន ៥,០០០នាក់ ក្នុងចំណោមអ្នកដាក់ពាក្យជាង ១៥,០០០នាក់
ក្រុមដំបូងមានយុវជនចំនួន ៥,០០០នាក់។ ពួកគេត្រូវបានជ្រើសរើសពីអ្នកដាក់ពាក្យចុះឈ្មោះជាង ១៥,០០០នាក់ ក្នុងយុទ្ធនាការជ្រើសរើសដំបូងកាលពីខែតុលា។
រដ្ឋាភិបាលបានកំណត់គោលដៅជ្រើសរើសយុវជនឱ្យបម្រើកងទ័ពចំនួន ១០,០០០នាក់ ក្នុងឆ្នាំ២០២៦។ ការជ្រើសរើសនេះធ្វើជាដំណាក់កាល តាមតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធ។
តាមច្បាប់ស្តីពីសេវាកម្មយោធា បុរសកម្ពុជាអាយុពី ១៨ ដល់ ២៥ឆ្នាំ ដែលត្រូវបានកេណ្ឌ ត្រូវបម្រើការ ២៤ខែ។ រីឯស្ត្រីអាចចូលបម្រើដោយស្ម័គ្រចិត្ត។ ច្បាប់ដែលធ្វើបច្ចុប្បន្នភាពត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៦។
ផែនការហ្វឹកហ្វឺន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជាអធិបតីក្នុងពិធីបើកការហ្វឹកហ្វឺននាថ្ងៃនេះ។ សម្តេចថា ការហ្វឹកហ្វឺននេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាសម័យទំនើប។
សម្តេចបានប្រកាសថា ក្រុមទី២ ចំនួន ៥,០០០នាក់ទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមហ្វឹកហ្វឺននៅខែកុម្ភៈ ឆ្នាំ២០២៧។
សម្តេចពន្យល់ថា ពលទាហានកំណែននឹងស្នាក់នៅមណ្ឌលហ្វឹកហ្វឺនរយៈពេល ៣ខែ ដើម្បីរៀនសម្របខ្លួនជាមួយជីវិតយោធា។ បន្ទាប់មក ពួកគេនឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានយោធាដែលបានកំណត់ រយៈពេល ២១ខែ ដើម្បីបំពេញការងារជាមួយទាហានអាជីព។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ពលទាហានថា៖
«សូមកុំគិតថា អ្នករាល់គ្នាខ្ជះខ្ជាយពេលវេលា។ ចូរចាត់ទុកការបម្រើរបស់អ្នកជាការវិនិយោគ។ នៅពេលយើងនិយាយអំពីការវិនិយោគ យើងរំពឹងថានឹងទទួលបានអ្វីមកវិញ។ ក្នុងករណីនេះ តើអ្វីជាផលតបស្នងរបស់អ្នក? រង្វាន់សម្រាប់ពេលវេលា ឆន្ទៈ និងការខិតខំរបស់អ្នក គឺឱកាសបម្រើមាតុភូមិ»។
«ទីពីរ អ្នកនឹងមានឱកាសទទួលបានជំនាញដ៏មានតម្លៃ។ នៅក្នុងយោធា យើងរៀនច្រើនជាងការកាន់កាំភ្លើង និងបាញ់។ យើងបង្រៀនជំនាញជាច្រើនទៀត។ មិនថានៅថ្មើរជើង ឬនៅកងទ័ពអាកាសទេ អ្នកមានឱកាសរៀនជំនាញដែលមានមនុស្សតិចណាស់ដែលនឹងបានរៀន»។
សម្តេចបានគូសបញ្ជាក់ថា ពលទាហានកំណែននឹងទទួលបានទាំងជំនាញបច្ចេកទេស (hard skills) និងជំនាញទន់ (soft skills) ដែលនឹងជួយពួកគេក្នុងជីវិតនាពេលក្រោយ។
ប្រភព៖ Phnom Penh Post





