សហរដ្ឋអាមេរិក៖ សារព័ត៌មាន CNN បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញព័ត៌មានលម្អិតអំពីប្រវត្តិរបស់ស្ត្រីជនជាតិចិនម្នាក់ដែលត្រូវបានគេស្គាល់ថា Alice Huang និងត្រូវបានមន្ត្រីអាមេរិកសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន ដែលមានគោលដៅប្រមូលព័ត៌មានពីក្រុមហ៊ុនបច្ចេកវិទ្យា NVIDIA។
យោងតាមរបាយការណ៍ CNN ដោយផ្អែកលើកំណត់ត្រាធ្វើដំណើររបស់អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក ស្ត្រីរូបនេះមានឈ្មោះពិតថា Huang Le ជាពលរដ្ឋចិនអាយុ ៤៣ ឆ្នាំ។ ព័ត៌មានប្រវត្តិរូប និងកំណត់ត្រាបណ្តាញសង្គមបង្ហាញថា នាងធ្លាប់ធ្វើការជាអ្នកសារព័ត៌មាននៅទូរទស្សន៍រដ្ឋចិន មុនពេលផ្លាស់ប្តូរទៅធ្វើការក្នុងវិស័យហិរញ្ញវត្ថុ។
បន្ថែមពីនេះ គេហទំព័រមូលនិធិវិនិយោគឯកជនមួយរបស់ចិនបានបង្ហាញថា Huang Le មានបទពិសោធន៍ប្រហែល ៤ ឆ្នាំក្នុងវិស័យសារព័ត៌មាន និង ៨ ឆ្នាំក្នុងវិស័យមូលបត្រ ដោយធ្លាប់មានបទពិសោធន៍ការងារជាមួយក្រុមហ៊ុនហិរញ្ញវត្ថុធំៗ រួមមាន HSBC និង Citic Securities។ CNN បានទាក់ទងទៅក្រុមហ៊ុនទាំងពីរដើម្បីស្នើសុំការបញ្ជាក់ផងដែរ។
តាមកំណត់ត្រាចុះបញ្ជីក្រុមហ៊ុននៅប្រទេសសិង្ហបុរី Huang Le ធ្លាប់កាន់តំណែងជានាយកក្រុមហ៊ុន Megaspeed International ចាប់ពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ុននេះផ្តល់សេវាកម្មកុំព្យូទ័រលើពពក និងមជ្ឈមណ្ឌលទិន្នន័យ ហើយដំបូងឡើយត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៥ ជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមរបស់ចិនក្រោមឈ្មោះ 7Road International។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Megaspeed បានរីកចម្រើនក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមអ្នកទិញបន្ទះឈីប NVIDIA ច្រើនបំផុតនៅអាស៊ី ដោយមានការប៉ាន់ប្រមាណពីអ្នកវិភាគថា ក្រុមហ៊ុននេះបានទិញបន្ទះឈីប NVIDIA ដែលមានតម្លៃលើសពី ៤ ពាន់លានដុល្លារអាមេរិក។ កំណត់ត្រាក្រុមហ៊ុនក៏បង្ហាញថា Megaspeed ទទួលបានការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba ផងដែរ។
ទោះជាយ៉ាងណា Megaspeed ក៏កំពុងប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងការសង្ស័យថា អាចបានផ្តល់សិទ្ធិចូលប្រើបន្ទះឈីបបច្ចេកវិទ្យាអាមេរិកដោយគ្មានការអនុញ្ញាតដល់ក្រុមហ៊ុនចិនមួយចំនួន។ ក្រុមហ៊ុនបានបដិសេធរាល់ការប្រព្រឹត្តខុសច្បាប់ និងបានអះអាងថា ខ្លួនជាក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវច្បាប់ និងប្រតិបត្តិការដោយស្របច្បាប់។
ចំពោះទំនាក់ទំនងរវាង Huang Le និងលោក Jensen Huang នាយកប្រតិបត្តិ NVIDIA CNN បានរាយការណ៍ថា មិនទាន់មានព័ត៌មានច្បាស់លាស់ថា អ្នកទាំងពីរបានជួបគ្នាដំបូងនៅពេលណា និងទីកន្លែងណានោះទេ។ ប៉ុន្តែរូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម WeChat បង្ហាញថា អ្នកទាំងពីរបានបង្ហាញខ្លួនជាមួយគ្នានៅរមណីយដ្ឋានវាយកូនហ្គោលប្រណីតមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីខែកញ្ញា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ពួកគេមិនមានទំនាក់ទំនងជាសាច់ញាតិនឹងគ្នាទេ។
កំណត់ត្រាធ្វើដំណើររបស់អាជ្ញាធរអាមេរិកក៏បង្ហាញថា Huang Le បានធ្វើដំណើរចូលសហរដ្ឋអាមេរិកចំនួន ១០ ដង ចាប់តាំងពីឆ្នាំ២០១៧។ ក្នុងដំណើរទស្សនកិច្ចចុងក្រោយនៅខែមីនា ឆ្នាំ២០២៥ នាងត្រូវបានគេថតឃើញនៅទីស្នាក់ការកណ្តាលរបស់ NVIDIA ក្នុងទីក្រុង Santa Clara អំឡុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ នៅខែឧសភា ឆ្នាំ២០២៥ ពួកគេទាំងពីរក៏ត្រូវបានរាយការណ៍ថាបានចូលរួមពិធីជប់លៀងអាហារជាក្រុមនៅទីក្រុងតៃប៉ិ និងបានចាកចេញពីទីតាំងនោះដោយរថយន្តតែមួយផងដែរ។
កាលពីខែតុលា ក្រុមហ៊ុន NVIDIA ធ្លាប់បានបដិសេធថា មិនមានអ្វីខុសប្រក្រតី ឬមិនធម្មតាចំពោះទំនាក់ទំនងរវាងលោក Jensen Huang និងស្ត្រីរូបនេះទេ ដោយបញ្ជាក់ថា ការជួបពិភាក្សាជាមួយអតិថិជន គឺជាផ្នែកធម្មតានៃការងាររបស់នាយកប្រតិបត្តិក្រុមហ៊ុន។ ប៉ុន្តែនៅថ្ងៃទី៨ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល NVIDIA បានប្រកាសបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីពិនិត្យរបាយការណ៍ដែលថា លោក Jensen Huang អាចជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់បរទេស។ ខណៈលោក Jensen Huang ក៏បានទទួលស្គាល់ពីភាពមិនស្មោះត្រង់ចំពោះភរិយារបស់ខ្លួនក្នុងសារជូនបុគ្គលិក ដោយមិនបានបញ្ជាក់ឈ្មោះស្ត្រីដែលពាក់ព័ន្ធឡើយ។
ពាក់ព័ន្ធនឹងការលួចយកព័ត៌មានសម្ងាត់ CNN បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានលើកឡើងពីការព្រួយបារម្ភទៅកាន់សមាជិកសភាអំពីលទ្ធភាពដែល Huang Le អាចផ្តល់ព័ត៌មានទៅឱ្យប្រទេសចិន តាំងពីជិតមួយឆ្នាំមុន។ ចំណែក The New York Times ក៏បានរាយការណ៍ថា ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកបានតាមដានទំនាក់ទំនងអេឡិចត្រូនិករបស់នាងអស់រយៈពេលយ៉ាងតិចមួយឆ្នាំ និងបានជូនដំណឹងដល់ប្រធានាធិបតី Donald Trump កាលពីឆ្នាំមុន។
ទោះបីជាមានការព្រួយបារម្ភពីសំណាក់អាជ្ញាធរអាមេរិកក៏ដោយ ក៏ក្រុមហ៊ុន NVIDIA បានបញ្ជាក់ថា ខ្លួនមិនមានហេតុផលណាមួយដែលធ្វើឱ្យជឿថា ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ឬសន្តិសុខជាតិអាមេរិកត្រូវបានប៉ះពាល់នោះទេ។ ចំណែកក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាជាការសន្និដ្ឋានគ្មានមូលដ្ឋាន និងជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។
រហូតមកដល់ពេលនេះ ទីតាំងបច្ចុប្បន្នរបស់ Huang Le នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ហើយនាងក៏មិនទាន់បានចេញមុខបកស្រាយជាសាធារណៈអំពីការចោទប្រកាន់ទាំងនេះផងដែរ។ ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាភិបាល NVIDIA និងការស្វែងរកការបញ្ជាក់ពីភាគីពាក់ព័ន្ធនៅប្រទេសសិង្ហបុរី និងប្រទេសចិន នៅតែជាចំណុចដែលកំពុងរង់ចាំការបំភ្លឺបន្ថែម។






